១) ឲ្យតម្លៃដល់ក្រុមការងារ
គ្មានមនុស្សណាម្នាក់ដែលមិនចង់ទទួលបានការឲ្យតម្លៃរបស់អ្នកដទៃនោះឡើយ។ ហេតុដូច្នេះហើយបានជាអ្នកដឹកនាំដ៏ឆ្នើមចូលចិត្តធ្វើឲ្យមនុស្សគ្រប់គ្នាដែលស្ថិតនៅក្រោមបង្គាប់របស់ខ្លួនមានអារម្មណ៍ថា ពួកគេត្រូវបានឲ្យតម្លៃ និង យកចិត្តទុកដាក់ ព្រមទាំងទទួលស្គាល់ថា មនុស្សគ្រប់គ្នាពិតជាបានរួមចំណែកនាំបង្កើតសមិទ្ធផលឡើង។
២) ចំណាយពេលវេលាទំនាក់ទំនងជាមួយមនុស្សក្រុមការងារ
នេះជាចំណុចមួយទៀតដែលអ្នកដឹកនាំដ៏ឆ្នើម តែងយកចិត្តទុកដាក់ក្នុងការបង្កើនភាពស្និទ្ធស្នាលជាមួយក្រុមការងារ ហើយនោះគឺការស្តាប់ឲ្យបានច្រើននូវអ្វីដែលជាការលើកឡើង មតិយោបល់ ឬ ទស្សនផ្សេងៗពីមនុស្សគ្រប់គ្នា។
៣) មានភាពស្មោះត្រង់ និង ផ្តល់ព័ត៌មានដោយបើកចំហ
ទោះបីជាព័ត៌មានមួយមិនមែនជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ ក៏អ្នកដឹកនាំឆ្នើមនៅតែផ្តល់ព័ត៌មានដោយបើកចំហ មិនលាក់បាំងដើម្បីបង្ហាញភាពស្មោះត្រង់ដល់មនុស្សគ្រប់គ្នាបានដឹង។ រូបភាពនេះ គឺដើម្បីបញ្ជាក់ពីជំហរពិតប្រាកដរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារួមដោយការទទួលខុសត្រូវ។
៤) មានការទទួលខុសត្រូវខ្ពស់
ទោះបីជាកំហុសណាមួយមិនមែនជាកំហុសរបស់ខ្លួនក៏ដោយ អ្នកដឹកនាំឆ្នើមក៏មានចំណែកចេញមុខមកទទួលខុសត្រូវចំពោះក្រុមការងារពីអ្វីដែលបរាជ័យដោយមិនរារែក។ បន្ទាប់មកចាប់ផ្តើមស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីស្រោចស្រង់ភាពបរាជ័យនោះ។ នេះជាចំណុចពិសេសមួយដែលអ្នកដឹកនាំខុសពីមនុស្សធម្មតា។
៥) ចែករំលែកការងារ
អ្នកដឹកនាំឆ្នើមបានដឹងថា ខ្លួនពិតជាមិនអាចសម្រេចបានសមិទ្ធផលនានាបានដោយខ្លួនឯងនោះឡើយ។ ម្ល៉ោះហើយនៅទីនេះ អ្នកដឹកនាំប្រភេទនេះចូលចិត្តឲ្យតម្លៃលើការបង្កើតក្រុមការងារមួយដើម្បីបង្កើតសមិទ្ធផលមួយឡើង ហើយក្រុមការងារគ្រប់គ្នាអាចមានឱកាសរៀងៗខ្លួនក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនលើកិច្ចការនោះ។
៦) កោតសរសើរជារឿយៗ
ក្រៅពីការឲ្យតម្លៃលើមនុស្សគ្រប់គ្នា អ្នកដឹកនាំដ៏ឆ្នើមបានដឹងផងដែរថា មនុស្សគ្រប់គ្នាពិតជាត្រូវការកោតសរសើរពីមនុស្សគ្រប់គ្នា នៅពេលដែលពួកគេសម្រេចបានសមិទ្ធផលអ្វីមួយ។ ហេតុដូច្នេះ ដើម្បីជាការលើកទឹកចិត្ត អ្នកដឹកនាំប្រភេទនេះ ត្រូវកោតសរសើរដល់ក្រុមការងារឲ្យអស់ពីបេះដូង ទន្ទឹមនឹងការផ្តល់រង្វាន់លើកទឹកចិត្តជាដើម។
៧) ចែករំលែកការទទួលខុសត្រូវ
ការចែករំលែកការងារ មិនមែនមានន័យថា ធ្វើឲ្យក្រុមការងារធ្វើការស្រេចតែចិត្ត ឬ ជារបៀបមួយនាំទៅរកការបរាជ័យនោះឡើយ។ ការចែករំលែកការងារគឺជាការចែករំលែកការទទួលខុសត្រូវមួយសម្រាប់ជួយបង្ហាញ បង្ហាត់បង្រៀន និង ណែនាំដល់ក្រុមការងារមានភាពស្ទាត់ជំនាញនឹងការងាររបស់ខ្លួន។ វិធីនេះធ្វើឲ្យក្រុមការងារមានភាពច្នៃប្រឌិតខ្ពស់ កសាងសក្ដានុពលការងារបានជាលំដាប់។
៨) យកចិត្តទុកដាក់ការដុះខាតជំនាញ និង ទេពកោសល្យរបស់ក្រុមការងារ
អ្នកដឹកនាំដ៏ឆ្នើមមិនមែនគិតត្រឹមតែបណ្តុះបណ្តាល ឬ អភិវឌ្ឍជំនាញរបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការជួយជ្រោមជ្រែងបណ្តុះបណ្តាលជំនាញ និង ទេពកោសល្យរបស់ក្រុមការងារឲ្យល្អប្រសើរផងដែរ។ អ្នកដឹកនាំឆ្នើមយល់ថា បើខ្លួនជោគជ័យ ក្រុមការងារក៏ត្រូវជោគជ័យដែរ។
៩) លើកទឹកចិត្តក្រុមការងារ
ការលើកទឹកចិត្ត គឺជារឿងមួយចាំបាច់បំផុតរបស់អ្នកដឹកនាំឆ្នើម ដើម្បីធ្វើឲ្យក្រុមការងារគ្រប់គ្នាមានភាពកក់ក្តៅ ស្ទុះស្ទាទៅមុខដោយស្វាហាប់។ ការលើកទឹកចិត្តនេះ គឺជាថាមពលជួយបង្កើនទំនុកចិត្តដល់ក្រុមការងារ ដើម្បីសម្រេចបានសមិទ្ធផលនានាស្របតាមគោលដៅដែលបានកំណត់។
១០) បង្កើតវប្បធម៌ចែករំលែក
អ្នកដឹកនាំឆ្នើមជាទូទៅ ចូលចិត្តបង្កើតបរិយាកាសក្រុមការងារមួយដែលមានវប្បធម៌ចែករំលែក ចេះជួយគ្នាទៅវិញទៅមក។ វប្បធម៌នៃការចែករំលែកនេះ គឺជាវិធីសាស្ត្រផ្ទេរចំណេះដឹង និង បង្កើនទំនាក់ទំនងល្អរវាងពីក្រុមការងារមួយទៅក្រុមការងារមួយទៀត ពីអ្នកគ្រប់គ្រងមួយទៅអ្នកគ្រប់គ្រងមួយទៀត៕
ប្រភព: INC
ប្រភព: INC

















